កិច្ចប្រជុំជំរុញ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
(បន្ទាយមានជ័យ)៖ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាព។ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានកំណត់នូវលក្ខណៈសម្បត្តិចំនួន៥ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ, គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ,គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។
ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រែក្លាយ កម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។
ឯកឧត្តម បានបន្តថា ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សូមអស់លោកលោកស្រី កងកម្លាំងប្រដាប់អាវុធត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។ ចុងក្រោយគណៈអធិបតីបានផ្ដល់នូវ ប័ណ្ណសរសើរដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ អធិការ និងនគរបាលប៉ុស្តិ៍គ្រប់ ឃុំ សង្កាត់ទាំង ៦៧ ៕