ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យ
(បាត់ដំបង)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់–ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០ នាក់ នឹង ទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។ ការសាងសង់ប្រើប្រាស់ ១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.
ពិធីទាំងពីនេះធ្វើឡើង ដើម្បីផ្តល់ជូនដល់អាជ្ញាធរខេត្តបាត់ដំបង អាចទទួលគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ផ្តោតទៅលើ សុខុមាលភាព អនសម័យ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ គម្រោងនេះ ក៏ចូលរួមចំណែក ថែរក្សា ការពារ សំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដែលយើងទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែង។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីឲ្យបានជ្រាបពីគម្រោងជាច្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបាន និងកំពុងអនុវត្ត ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមុខមាត់ខេត្តបាត់ដំបងទាំងមូល ដែលក្នុងនោះរួមមានដូចជា៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនាផ្លូភ្ជាប់ត្រង់ទៅខេត្តសៀមរាប និងគម្រោងទីលានទុកដាក់សំរាមនេះជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយ បានទទួលការអនុញ្ញាតឱ្យសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ – បាត់ដំបង –ប៉ោយប៉ែត ផងដែរ។ ទាំងអស់នេះគឺជាលទ្ធផល កើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដែលធ្វើឱ្យសុខុមាលភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ ហើយអត្រាអាយុសង្ឃឹមរស់ក៏មានការកើនឡើងដែរ៕