បញ្ជូនខ្លួនជនជាតិថៃ ៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីកាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួស នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនជាតិថៃ ៣នាក់ តាមពាក្យបណ្តឹងជនរងគ្រោះជាជនជាតិចិន ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់
១.ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ។
២.ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ ។
៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះចំនួន០២នាក់ ១–ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។
២–ឈ្មោះ LIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នឹងឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងចាប់យកវត្ថុតាងយកមកសួរនាំអំពីរឿងហេតុនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរ នាំរួចជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាស្កែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕