សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង,ស្ថាប័ន នីមួយៗផងដែរ។សម្តេចមានប្រសាសន៍រំលឹក បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ។
ជាមួយគ្នានោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត តាមរយៈ ការបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែសឡើយ។សម្តេចបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចគឺពិតជាត្រឹមត្រូវ ដែលបានបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្ដមសិក្សា ដើម្បីអាចឱ្យសិស្ស និស្សិតអាចជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សាក្នុងការសិក្សារបស់ពួកគេ។សម្តេចបញ្ជាក់ទៀតថា នៅពេលខាងមុខនេះ នឹងមានគ្រឹះស្ថានឧត្ដមសិក្សាបរទេសមួយចំនួនទៀត នឹងមកបើកដំណើការនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឲ្យកូនខ្មែរយើងបានសិក្សានៅក្នុងប្រទេសដោយមិនចាំបាច់ទៅសិក្សានៅបរទេស ដែលមានការចំណាយច្រើននោះទេ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទថា យើងកុំធ្វើអ្នកខ្លាំងក្នុងចំណោមអ្នកខ្សោយ គឺត្រូវធ្វើជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ស្របពេលដែលសម័យនេះ គឺជាសម័យកាលប្រកួតប្រជែង មិនមែនជាសម័យកាលផ្ដួលរំលំដៃគូនោះទេ ៕