ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជាង៤០០ខ្នង
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអន្តរាគមន៍ ចំនួន១៧៨នាក់ មាន.វរសេនាតូចថ្មើរជើងលេខ៥១៣ ,៥១៤ និងកម្លាំងចំណុះកងពល សហការជាមួយកងកម្លាំងចម្រុះ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្នងការនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន១១០០សន្លឹក ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់ ស្ថិតនៅស្រុកស្វាយចេក និងស្រថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន ៤៣៦ខ្នងផ្ទះ ក្នុងនោះមានសាលារៀនចំនួន៥ខ្នង និងសម្ភារមួយចំនួន ។ស្រុកដែលត្រូវខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះ និងសាលារៀននោះមានស្រុកថ្មពួក សរុបចំនួន ៤២៧ខ្នង សាលារៀនចំនួន៥ខ្នង និងស្រុកស្វាយចេក សរុបចំនួន៩ខ្នង ។ក្នុងគ្រោះមហន្តរាយខាងលើនេះមិនបណ្តាលឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់ឡើយ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត៕