ពិធីសម្ភោធ សាលាធម្មសភា ១ ខ្នង ក្នុងវត្តចែងម៉ែង ស្រុកម៉ាឡៃ ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖សាលាធម្មសភាមួយខ្នងស្ថិតនៅវត្តពោធិព្រឹក្សរតនរង្សី ចែងម៉ែង ស្ថិតនៅក្នុងភូមិចែងម៉ែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ស្វាយ ជាអភិបាលស្រុកម៉ាឡៃបានបញ្ជាក់ថា ទឹកដីនៅស្រុកម៉ាឡៃ ជាដីដែលមានជីវជាតិល្អធម្មជាតិ ដែលក្នុងនោះបងប្អូនប្រជាពលរដ្ឋអាស្រ័យផលផ្នែកកសិកម្មប្រមាណជាង ៩០% ផ្នែកអាជីវកម្មចំនួន ១០% ហើយក្នុងនោះផង កន្លែងមានច្រកអន្តរជាតិនាំទំនិញចេញចូលកម្ពុជា ថៃ កំពុងដំណើរការ ដូចនេះហើយប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់នេះ មានជីវភាពសមរម្យ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចគ្រួសារ។
នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរចំពោះប្រជាពលរដ្ឋ សប្បុរសជនជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លាផ្ដួចផ្ដើម កសាងសាលាធម្មសភាមួយខ្នង សម្រាប់ប្រើប្រាស់រៀងរាល់។នេះបញ្ជាក់ឲ្យឃើញពីទឹកចិត្តសាមគ្គីគ្នា លើកស្ទួយព្រះពុទ្ធសាសនានេះយើងឲ្យបានគង់វង្សយូរអង្វែង ។
លោកបានបន្តទៀតថា ជាមួយគ្នានេះដែរលោកក៏សូមឲ្យបន្តចូលរួមក្នុងការកសាងនិងអភិវឌ្ឍវត្ត ចែងម៉ែងនេះបន្តបន្ថែមទៀតព្រោះថា វត្តអារាម ជាកន្លែងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងជាកន្លែងដែលរក្សាទុកនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីមួយជំនាន់ទៅមួយជំនាន់សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៀតនោះ គឺនៅទីវត្តអារាមជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលើផ្លូវធម៌ និងប្រកបដោយមនសិការ ជាតិចៀសវាងនូវអំពើអកុសល ធ្វើតែអំពើកុសល។
គួរបញ្ជាក់ផងដែរថា តំបន់នៃបណ្ដាញបែបនេះទៅជាតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជនមានប្រជាពលរដ្ឋរស់នៅតិចតួច ដូចនេះសមិទ្ធផលនាថ្ងៃនេះ កសាងមានភាពខ្វះខាតនូវថវិកា ជាក់ស្តែងព្រះវិហារមួយខ្នងដែលមានទំហំតូចល្មម កសាងបានជាង ៧០%ហើយ។អាស្រ័យហេតុនេះ ហើយព្រះគ្រូចៅអធិការ វត្តចែងម៉ែង ក៏សូមធ្វើការមិនបានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមចាប់យកមគ្គផលកុសលផលបុណ្យឲ្យបានគ្រប់ៗគ្នា ដើម្បីអោយព្រះវិហានេះ បានរួចរាល់នាពេលខាងមុខ សម្រាប់ព្រះសង្ឃបានប្រើប្រាស់។ ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបានប្រគេន បណ្ណសសើរ និងប្រគល់ជូនលោកតា លោកយាយ ព្រមទាំងឧបត្ថម្ភនូវថ្មម៉ិចំនួន១០ឡានធំ ដើម្បីក្រាលក្នុងទីវត្តនេះផងដែរ៕