ឯកឧត្តមអភិបាលខេត្តកណ្តាល ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ទាំង១១ ត្រូវបម្រើសេវារដ្ឋបាលសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកុម្ភះ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង–ស្រុក ទាំង១១ ត្រូវបម្រើសេវារដ្ឋបាលសេវាសាធារណៈអោយបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានស្នើអោយគ្រប់បណ្ដាក្រុង–ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំពង្រឹងយន្តការភូមិឃុំមានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាអោយបានស្អិតរមួត ខិតខំធ្វើការងារអោយបានសកម្ម ដើម្បីបទល្មើសនានាមានការថយចុះ។
ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង–ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រាយបទល្មើសនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹងនាំអោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋាន ត្រូវបំផុសអោយប្រជាពលរដ្ឋចូលរួមអនុវត្ត វិធានអនាម័យតាមការការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួនផងដែរ៕