មេបញ្ជាការរង យោធភូមិភាគ ទី៥ មេបញ្ជាការ ទិសទី ១ បន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយយោធិនចូលសោធនិវត្តន៍ និងយោធិនពិការ ចំនួន ២៦គ្រួសារ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ នៅព្រំដែនកម្ពុជា-ថៃ
(បន្ទាយមានជ័យ)៖ យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគ ទី៥ មេបញ្ជាការ ទិសទី ១ បន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ចំនួន ២៦គ្រួសារ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ នៅព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់ថា ទោះបី អ៊ុំ ពូ មីង និងបងប្អូនបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ដ៏ធំធេងនេះ បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនចំពោះយោធិនសោធននិវត្តន៍ និង យោធិនពិការ ។ឯកឧត្តម និងលោក ជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានផ្តាំផ្ញើដល់យោធិនចូលសោធននិវត្តន៍ និងយោធិនពិការ បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមអ៊ុំ ពូ មីង និងបងប្អូន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូលរួមបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាខាងមុខឲ្យបានគ្រប់ៗគ្នា ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាននាំយកនូវអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនយោធិនចូលសោធននិវត្តន៍ និងយោធិនពិការ ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនផងដែរ ៕