សមាគមរាជសីហ៍សាខាខេត្តតាកែវ សហការជាមួយសាខាខេត្តកោះកុង នាំយកអំពូលសូឡា និងបង្គោល ចំនួន៦ដើម ប្រគល់ជូនអាជ្ញាធរ ដំឡើងសម្រាប់បំភ្លឺនៅតាមដងផ្លូវ ក្នុងស្រុកបាទី
ខេត្តតាកែវ៖ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ និងសហការី សហការជាមួយ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បាននាំយកនូអំណោយជាអំពូលសូឡា និងបង្គោល ចំនួន០៦ដើម គិតជាទឹកប្រាក់ចំនួន ១,៤៥០,០០០រៀល (មួយលានបួនសែនប្រាំម៉ឺនរៀល) ប្រគល់ជូនអាជ្ញាធរ ដំឡើងសម្រាប់បំភ្លឺនៅតាមដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិតាំងញាត្ត ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
នាឱកាសនោះដែរអាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្ដែងនូវក្ដីរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមរាជសីហ៍ ដែលបានយកចិត្ត គិតគូរពីសុខទុក្ខ ជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងជួយបម្រើការងារសង្គមដោយមិនរើសអើង និងក៏សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។
ជាមួយគ្នានោះដែរប្រធានសាខា ក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្ដាំផ្ញើដល់បងប្អូន ក៏ដូចជាក្រុមគ្រួសារ សូមបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕