បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិថៃ លើករណីលួចទូរសព្ទ នៅចំណុចកាស៊ីណូ GRAND LION ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុងសាកន សាប់ចាក់ឡឺ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា កាលពីវេលាខាងលើ មានជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ បានធ្វើសកម្មភាពចូលលួចទូរសព្ទនៅក្នុងបន្ទប់ការិយាល័យរបស់ជនរងគ្រោះអស់ចំនួន ១២គ្រឿង នៅចំណុចកាស៊ីណូ GRAND LION ។ ក្រោយពី ទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្ដិការ និងស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយនាំមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជា បានធ្វើសកម្មភាព លួចទូរសព្ទ ជនរងគ្រោះពិតប្រាកដមែន។ផ្អែកតាមចម្លើយសារភាព កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕