បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នៅចំណុចមុខក្លឹបMEXCLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនសង្ស័យមានឈ្មោះ សែតថាវុធ ឡាម៉ានី (Settawoot lamanee) ហៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទ ក្រាមម្សៅពណ៌សថ្លា(ខេ)ចំនួន១៦៤កូនថង់កិប ទម្ងន់១៩១,២ក្រាម (មួយរយ កៅសិបមួយក្បៀសពីរក្រាម ថ្លឹងទាំងសម្បកថង់),រស័ព្ទចំនួន ០១គ្រឿង (ម៉ាក IPHONE 13Pro ពណ៌ខ្មៅ) ,ប្រាក់បាត ចំនួន១០,០០០បាត (មួយម៉ឺនបាត),ប្រាក់ដុល្លារ ចំនួន ៣០០ដុល្លា,នាឡិកាដៃ ម៉ាក IWATCH ពណ៌ស ចំនួន ០១គ្រឿង,សៀវភៅលិខិតឆ្លងដែន ចំនួន ០១ក្បាល,អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Settawoot lamanee) ចំនួន ០១សន្លឹក,កាតទាហ៊ានថៃ ចំនួន ០១សន្លឹក, ថង់ក្រដាសសម្រាប់ដាក់គ្រឿងញៀន ចំនួន ០១។
លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឱ្យដឹងទៀតថា មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោងប្រហែល០២និង០០នាទី ទាបភ្លឺថ្ងៃទី២៥ ខែមេសា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមក្នុងក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជនសង្ស័យម្នាក់ជនជាតិថៃ បានយួរថង់ក្រដាសមួយ បម្រុងនឹងដើរចូលក្នុងក្លឹបតែក៏ត្រូវបានសន្តិសុខ មានការសង្ស័យ ហើយសុំឆែកក្នុងថង់ក្រដាសនោះ ក៏ឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំ (១៦៤កូនថង់) ដោយឃើញដូចនេះសន្ដិសុខក៏បានរាយការណ៍មកកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ករណីជួញដូរគ្រឿងញៀននេះសមត្ថកិច្ចអាវុធហត្ថយើងកំពុងធ្វើការស្រាវជ្រាវរកមេក្លោងធំដែលនៅពីក្រោយករណីនេះផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីចាត់ការបន្តនីតិវិធី ៕