អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរគ្រឿងញៀន
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀន នៅចំណុចបន្ទប់ទឹក កាស៊ីណូប៉ារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីសន្តិសុខភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ពេជ្រ រ៉ាវី ហៅ ក្រឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ច្រកក្នុងកញ្ចប់តែមួយជាមួយម៉្សៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន០៦កូនថង់កិប ស្មើនឹង០៦គ្រាប់ ទម្ងន់ ១,៦៧ក្រាម(មួយក្បៀសហុកសិបប្រាំពីរក្រាម) និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីការឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ បានសារភាពថា រូបគេពិតជាបានរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការតាមនិតិវិធី៕