ព័ត៌មានជាតិ

រថយន្តក្រុងដឹកអ្នកដំណើរ បើកបរក្នុងល្បឿនលឿន វ៉ាក់អឺហ្នឹងរថយន្តដឹកដីដែលកំពុងចតនៅលើបណ្ដោយផ្លូវជាតិលេខ៥ ជ្រុះដីរាយប៉ាយ បណ្ដាលឱ្យធ្លាក់ប្រឡាយខាងស្ដាំ សំណាងល្អមិនបណ្ដាលឱ្យមានមនុស្សគ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ: សំណាងល្អហើយដែលមិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង បានដឹកដីជ្រុះរាយប៉ាយនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បង្កការភ្ញាក់ផ្អើល។

ក្រោយពីបង្កឲ្យមានការជ្រុះដីធ្លាក់រាយប៉ាយនៅតាមបណ្ដោយផ្លូវជាតិ គេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែអ្វីដែលហួសចិត្តនោះគឺទាំងអាជ្ញាធរនិងម្ចាស់រថយន្តបែនដឹកដី ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-2038 មិនមានដាក់ស្លាកសញ្ញាសម្គាល់ណាមួយ ដើម្បីឲ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ននោះឡើយ ព្រោះថារថយន្តដឹកដីខាងលើនេះបានធ្លាក់ដីរាយប៉ាយចំងាយប្រមាណជិត៣០០ម៉ែត្រឯនោះ ហើយដីនោះទៀតសោតមានជាតិសើម(ភួក)ទៀតផងងាយនិងរអិល ជាហេតុធ្វើឲ្យរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E-1088 បើកបរស្របទិសគ្នាពោលគឺពីលិចទៅកើត ដើម្បីដឹកភ្ញៀវទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានវ៉ាក់អើនិងរថយន្តដឹកដី បណ្ដាលឲ្យជាន់ហ្វ្រាំងមិនទាន់ ក៏បួងចង្កូតធ្លាក់ផ្លូវខាងស្ដាំដៃ តែម្ដងជៀសវាងគ្រោះថ្នាក់ដល់អ្នកដទៃ សំណាងល្អមិនបណ្ដាលឲ្យអ្នកធ្វើដំណើរនៅក្នុងរថយន្តចំនួនបីនាក់គ្រោះថ្នាក់នោះឡើយ។

បើតាមអាជ្ញាធរបានឲ្យដឹងថា រថយន្តដឹកដីខាងលើបានដឹកដីភួកយកទៅចាក់ចោលនៅភូមិទួលពង្រ តែដោយសាររថយន្តនេះបានខូចកន្លឹះទ្វារខាងក្រោយ ទើបបណ្ដាលឲ្យធ្លាក់ដីភួករាយប៉ាយបែបនេះ។អាជ្ញាធរបានបញ្ជាក់ថា លោកកំពុងហៅជាងមកធ្វើ នឹងហៅរថយន្តដឹកទឹក ដើម្បីបាញ់សំអាតហើយដែរ។ក្នុងនោះកម្លាំងនគរបាលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះមកដល់គោលដៅដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button