បុរសម្នាក់ជាន់ម៉ីនផ្ទុះ បណ្តាលឲ្យរងរបួសជើងទាំងពីរ ខណៈបណ្ដើរសត្វវឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីប្រដេញសត្វ និងបេះបន្លែស្លឹកព្រិច ឲ្យម្តាយលក់យកប្រាក់ចិញ្ចឹមជីវិត
ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ដោយសារតែជីវភាពខ្វះខាត បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីប្រដេញសត្វ និងបេះបន្លែស្លឹកព្រិចយកមកឲ្យម្ដាយលក់ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់ម៉ីនផ្ទុះ បណ្ដាលឱ្យជើងទាំងពីររងរបួសធ្ងន់ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី លាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ នៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងជើងឆ្វេងផងដែរ។
សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស–ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ម៉ីនសល់ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែងម្ដង។
ចំណែកឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរ។ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាធ្ញាធរក្នុងមូលដ្ឋាន បានចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗផងដែរ៕