ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដាក់ចេញនូវបទបញ្ជា បើកប្រតិបត្តិការត្រួតពិនិត្យអាវុធ តាមគោលដៅសំខាន់ៗ ដើម្បីបង្កា ទប់ស្កាត់បទល្មើសនានា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះបីជាមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
ដើម្បីពង្រឹងនិងធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្ត នៅថ្ងៃទី១៦–១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់ថ្នាក់ដឹកនាំគ្រប់បណ្ដាផែនជំនាញ អធិការដ្ឋាននគរបាលទាំង៩ក្រុង–ស្រុក បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ បើកប្រតិបត្តិការត្រួតពិនិត្យអាវុធ តាមគោលដៅសំខាន់ ដើម្បីបង្កា ទប់ស្កាត់បទល្មើសនានា។
កម្លាំងនគរបាលត្រូវបានត្រៀមប្រចាំការ២៤ ម៉ោងលើ២៤ សម្រាប់ត្រៀមអន្តរាគមន៍ក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗ។ ក្រៅពីនេះមួយចេញយាមល្បាតតាមរយះរថយន្ត ម៉ូតូ។ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ពលរដ្ឋ និងអ្នកដំណើរ ដើម្បីឲ្យពលរដ្ឋជ្រាបច្បាស់ និងយកទៅផ្សព្វផ្សាយបន្តដល់សមាជិកក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ ហើយវាក៏ជាផ្នែកមួយ ធ្វើឲ្យពលរដ្ឋយល់ដឹងចូលរួមគោរពច្បាប់ និងក៏អាចជួយកាត់បន្ថយបទល្មើសបានមួយចំនួនផងដែរ៕