អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះសំណាក់ គឹមសួន ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា វណ្ណី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរនិងប្រើប្រាស់) និងឈ្មោះ រិន សិលា ហៅ សា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ វត្ថុតាងចាប់បានរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន៤៥កូនថង់កិប ទម្ងន់៣២,០៦ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤គ្រាប់ ទម្ងន់០,៧២ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ សៀមរាប 1K-6534, –ទូរស័ព្ទ ចំនួន០៣គ្រឿង, –ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា មុនពេលបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានថា មានជនសង្ស័យកំពុងរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានរៀបចំផែនការ ញុះញង់ឱ្យជនសង្ស័យយកគ្រឿងញៀនមកលក់ ពេលជនសង្ស័យយកគ្រឿងញៀនមកឱ្យ នៅមុខផ្ទះសំណាក់គឹមសួន ទើបកម្លាំងអាវុធហត្ថចាប់ជនសង្ស័យព្រមទាំងដកហូតគ្រឿងញៀនបានតែមម្ដង។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុង បានបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានរបស់ជនសង្ស័យ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វីន សិលា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងស្នាក់បន្ទប់របស់ជនសង្ស័យព្រមទាំងដកហូតសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ក្រោយឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យ(វ៉ា វណ្ណី) បានសារភាពថា រូបគេពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន០២លើកដែរ។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕