អភិបាលខេត្តកំពង់ចាម ក្រើនរំឭកប្រជាពលរដ្ឋ កុំឲ្យចាញ់កលល្បិចភូតកុហកបោកប្រាស់ពីជនអគតិមួយក្តាប់តូច សូមបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។សូមចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវ ម៉ឺងម៉ាត់ ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។ហើយយើងទាំងអស់គ្នាសូមគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ដាច់ខាតកុំចាញ់កលល្បិចភូតកុហកបោកប្រាស់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលតែងតែបង្ករភាពវឹកវរដល់សង្គមជាតិឲ្យសោះ។
ឯកឧត្តម អភិបាលខេត្ត ក្រើនរំឭកបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកលូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ក៏ដូចជាខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង ក្រោមការដឹកនាំនាំដ៏ភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត៕