ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមម៉ូតូឌុបកង់៣ ប្រមាណជាង១០០នាក់ នៅក្នុងក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ក្រុមម៉ូតូឌុបកង់៣ ប្រមាណជាង១០០នាក់ ក្នុងក្រុងសិរីសោភ័ណ គ្រប់គ្រងដោយអនុគណៈកម្មការគ្រប់គ្រងសមាជិកគណបក្សក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល ។ពិធីសំណេះសំណាលនេះ ធ្វើនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ។
ជាមួយនឹងពិធីសំណេះសំណាលនេះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ ការជួបជុំនាពេលនេះពិតជាសំខាន់ណាស់ក្នុងគោលបំណង គឺដើម្បីសម្របសម្រួលឲ្យបងប្អូនរកស៊ីទទួលទានប្រកបរបររត់ម៉ូតូកង់៣នេះ និងដើម្បីចង់ដឹងពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនក្នុងការចេញរកស៊ីទទួលទានក្នុងក្រុងសិរីសោភ័ណ្ឌយើង ក៏ដូចជាក្នុងការធានានៅសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមជាប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមចូលរួមគាំទ្រជាមួយក្រុមម៉ូតូឌុបកង់៣ និងសូមធ្វើការណែនាំដល់បងប្អូនក្រុមម៉ូតូឌុបកង់៣ ត្រូវបន្តរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់នូវរាល់ការបង្កចលាចលរបស់ក្រុមជ្រុលនិយមបំផ្លើសបំផ្លៃប្រវត្តិសាស្រ្តក្នុងចេតនាទុច្ចរិតបន្ទុចបង្អាក់ដល់ការអភិវឌ្ឍប្រទេសជាតិ និងបន្តទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននៅសុខសុវត្តិភាព។ ជាពិសេសត្រូវរួមគ្នាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ចុងបញ្ចប់ពិធីសំណេះសំណាលឯកឧត្តម លោកជំទាវគណៈអធិបតី បានផ្តល់ជូនអំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមអ្នករត់ម៉ូតូកង់៣ រួមមាន៖ អង្ករ២៥គីឡូក្រាម,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១ដុំ៕