លោក លី សារី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីជ្រើសរើសមុខសញ្ញាអ្នកទទួលដី ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ក្រុមការងារថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីជ្រើសរើសមុខសញ្ញាអ្នកទទួលដី ស្ថិតនៅតំបន់ដី(២២២២) ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំពិភាក្សានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ ដោយមានកាអញ្ជើញចូលរួមពីលោក អភិបាលស្រុកភ្នំស្រុក លោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងលោកឃុំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកភ្នំស្រុក។
លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងធ្វើបទបង្ហាញអោយដឹងថា៖ ក្នុងកិច្ចប្រជុំពិភាក្សានេះសម្រាប់ការជ្រើសរើសមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចមាន ១០ជំហានរួមមាន៖
១,ការជូនដំណឹង និងការលើកកម្ពស់ការយល់ដឹងអំពីពាក្យស្នើសុំ និងលក្ខណៈវិនិច្ឆ័យទូទៅ។
២,ការទទួលពាក្យស្នើសុំ។
៣,ការបិទផ្សាយជាសាធារណៈនៅបញ្ជីឈ្មោះអ្នកដាក់ពាក្យស្នើសុំ(៣០ថ្ងៃ)។
៤,ការជ្រើសរើសមុខសញ្ញាអ្នកទទួលដីអាទិភាព។
៥,ការបិទផ្សាយជាសាធារណៈនៅបញ្ជីឈ្មោះអ្នកទទួលដីអទិភាព/ទទួលពាក្យបណ្ដឹងតវ៉ា។
៦,ការធ្វើសុពលភាពព័ត៌មានទៅលើពាក្យស្នើសុំ។
៧,ការបិទបង្ហាញជាសាធារណៈនៅបញ្ជីដំណោះស្រាយបណ្ដឹងតវ៉ានិងបញ្ជីបានកែតម្រូវ។
៨,ការប្រជុំតាមភូមិស្ដីពីលទ្ធផលនៃការធ្វើសុពលភាព។
៩,ការជ្រើសរើសអ្នកទទួលដីសម្បទានសង្គមកិច្ច។
១០,ដើម្បីការបែងចែកដីសម្បទានសង្គមកិច្ច។
ថ្លែងនៅក្នុងឱកាសនោះលោក លី សារី បានមានប្រសាសន៍លើកឡើងដោយបញ្ជាក់ថា៖ សម្បទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED lll) ដែលមានការគាំទ្រថវិកាដោយធនាគារពិភពលោក និងបដិភាករបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ជាមួយគ្នានោះលោក លី សារី បានបន្តបញ្ជាក់ថា៖ ការសម្បទានដីធ្លីសង្គមកិច្ចនេះគឺផ្ដល់ជូនតែបងប្អូនប្រជាពលរដ្ឋ ដែលជាឃុំអតិភាពគឺឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក។ ដូចឆ្នេះហើយសូមអាជ្ញាធរមូលដ្ឋានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សានេះរួច ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចុះផ្សព្វផ្សាយ និងចុះស្រង់សតិរបស់បងប្អូន ដើម្បីទទួលបានដីក្នុងការស់នៅដោយមានលំនៅឋានពិតប្រាកដផងដែរ៕