លោក លី សារី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឃុំម៉ាឡៃ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវបានបែងចែកជាពីរប្រភេទ
១,ការចុះបញ្ជីដីធ្លីដាច់ដោយដុំ និង២,ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក លី សារី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិដំបូលវិល ភូមិវត្តចាស់ និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក អ៊ីង ស៊ីណាត អភិបាលរងស្រុកម៉ាឡៃ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។
លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល៖
១.ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២.ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣.បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤.សម្រេចលើឯកសារវិនិច្ឆ័យរបាយណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មធិការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់។
៥.ចុះបញ្ជីចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី។
ឆ្លៀតក្នុងឱកាសនោះដែរលោក លី សារី បានធ្វើការថ្លែងអំណរអរគុណដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ដែលខុសដែលបានខិតខំប្រឹងប្រែងអនុវត្តការងារក្នុងចុះមកវិញដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានកាន់កាប់ដោយស្របច្បាប់។
លោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការឲ្យបានល្អជាមួយមន្ត្រីចុះបញ្ជីដីធ្លីដើម្បីឲ្យការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ។សូមអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តនៅគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៧ចំណុចឲ្យដូចភ្លៀងរលឹម ដើម្បីធានាបាននៅសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ និងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕