ឯកឧត្តមអភិបាលខេត្តកណ្ដាល ៖ យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត
ខេត្តកណ្ដាល៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត”។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ“ ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថា យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
ឯកឧត្តមបញ្ជាក់ទៀតថា៖ ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ជាមួយគ្នានោះដែរលោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានឲ្យដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនមានកម្រិត នៃការបណ្ដុះបណ្ដាល ៖
១.កម្រិតបរិញ្ញាបត្រ វិស្វករ(៤ឆ្នាំ)
២. ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង(២ឆ្នាំ)
៣. ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត)
៤. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេល ៤ខែ និង១សប្ដាហ៍)
+លើកម្រិតជំនាញ មានដូចជា៖
១. ជំនាញអគ្គិសនី
២. ជំនាញបរិក្ខាត្រជាក់
៣. ជំនាញ សំណង់ស៊ីវិល
៤. ជំនាញ ពត៌មានវិទ្យា
៥. ជំនាញ យន្តសាស្ត្ររថយន្ត
៦. ពសុពេទ្យ/ពេទ្យសត្វ
៧. ភាសាអង់គ្លេស៕