ទណ្ឌិតនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន ១៩នាក់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ពី៣ខែ ទៅ៦ខែ
ខេត្តបន្ទាយមានជ័យ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតជាប់ឃុំនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន ១៩នាក់(ប្រុស) ពី៣ខែ ទៅ៦ខែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមអត្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត ក្នុងកិច្ចប្រជុំប្រកាស ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលខេត្តបន្ទាយមានជ័យស្តីទី ,លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមអត្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបញ្ជាក់ឱ្យដឹងថា ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនូវតួនាទីភារកិច្ច ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពក៏មានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន ក៏បានណែនាំដល់ទណ្ឌិតដែលត្រូវបានបន្ធូបន្ថយ និងលើកលែងទោស ពេលត្រលប់ទៅវិញភូមិឋាន ស្រុកកំណើតត្រូវកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសចំណេះជំនាញដែលទទួលបានពីការបង្ហាត់បង្រៀន សូមយកទៅបើករបរដើម្បីចិញ្ចឹមគ្រួសារ ជាដើម។
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ៖ ការបន្ធូបន្ថយទោសដល់ទណ្ឌិតក្នុងឱកាសបុណ្យវិសាខបូជា និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ បានបន្ធូរបន្ថយទោស លើកលែងទោសចំនួន១៩នាក់/ស្ត្រី០។ ក្នុងនោះបន្ធូរបន្ថយទោស ០៣ ខែចំនួន១៧នាក់/ស្ត្រី០ , បន្ធូរបន្ថយទោស ០៦ ខែចំនួន០២នាក់/ស្ត្រី០។ បច្ចុប្បន្ន ទណ្ឌិតដែលកំពុងជាប់ឃុំនៅក្នុងពន្ធខេត្តបន្ទាយមានជ័យ មានចំនួន ១៦០២ /ស្រី៨៣នាក់៕