សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីបញ្ជីគណនេយ្យសាមញ្ញ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីបញ្ជីគណនេយ្យសាមញ្ញ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច ដោយមានម្ចាស់ឬតំណាងសហគ្រាសមកពីបណ្តាស្រុក ក្រុងក្នុងខេត្តបន្ទាយមានជ័យចូលរួមចំនួន៦៩នាក់ ។
នាឱកាសនោះលោក វៃ សារឿត មន្ត្រីពន្ធដា ទទួលបន្ទុកផ្នែកពន្ធតូច បានធ្វើបទបង្ហាញ ដោយលើកយកនូវចំណុចសំខាន់ៗរួមមាន៖
១– គោលការណ៍នៃបញ្ជីគណនេយ្យសាមញ្ញ មាន បញ្ជីទិញប្រចាំថ្ងៃ,បញ្ជីកត់ត្រាទិញ,បញ្ជីលក់ប្រចាំថ្ងៃ,បញ្ជីស្តុបទំនិញ។
២– របៀបកត់ត្រាបញ្ជីគណនេយ្យសាមញ្ញ មាន ការកត់ត្រាបញ្ជីទិញប្រចាំថ្ងៃ,ការកត់ត្រាលក់ប្រចាំថ្ងៃ,គោលការណ៍គណនារំលស់,គត់ត្រារំលស់,របាយការណ៍លទ្ធផល,រូបមន្តគណនាពន្ធលើប្រាក់ចំណូល,ប្រភេទពន្ធ និងអត្រាពន្ធគំរូលិខិតប្រកាសពន្ធប្រចាំខែ,គំរូលិខិតប្រកាសពន្ធប្រចាំឆ្នាំជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ វីរ: អនុប្រធាន សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសសើរនិងអគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាតំណាងឬម្ចាស់សហគ្រាស ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមផ្សព្វផ្សាយដ៏ដូចជាយកចំណេះដឹងនេះទៅអនុវត្តដោយខ្លួនឯងផ្ទាល់ ព្រោះថាសម័យឌីជីថលនាថ្ងៃអនាគតគឺលោក លោកស្រីដែលជាតំណាងឬម្ចាស់សហគ្រាស ត្រូវតែធ្វើការតាមអនឡាញទាំងអស់ មិនចាំបាច់មកពន្ធដាដូចបច្ចុប្បន្ននេះទេតែពេលនេះសូមឲ្យសិក្សារៀនសូត្របណ្តើរៗ អ្នកដែលមិនទាន់យល់ មិនទាន់ចេះអាចអញ្ជើញមកសួរនាំមន្ត្រីពន្ធដា រៀងរាល់ម៉ោងធ្វើការ។
ជាមួយគ្នានោះដែរ លោក សុខ វីរ: ក៏បានលើកឡើងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំសាខាពន្ធដាខេត្ត ជំនួសឲ្យប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមថ្លែងអំណអគុណដល់លោក លោកស្រី ដែលជាតំណាង ឬម្ចាស់សហគ្រាសទាំងអស់ ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មក្នុងការបង់ពន្ធចូលរដ្ឋ ធ្វើឲ្យការប្រមូលពន្ធចូលរដ្ឋរយះពេល៧ឆ្នាំមកនេះមានការកើនឡើងជាលំដាប់។លោកបញ្ជាក់ថា ការពិតរដ្ឋបាលសារពើពន្ធគឺជាស្ថាប័នចំណូលដ៏សំខាន់មួយដែលមានកាតព្វកិច្ចអនុវត្តច្បាប់និងបទប្បញ្ញត្តិនានាស្តីស្តីពីពន្ធដារ និងមានបេសកកម្មរុករកប្រភពចំណូលនិងប្រមូលចំណូលជូនរដ្ឋសម្រាប់បម្រើឲ្យសេចក្តីត្រូវការខាងផ្នែកចំណាយនានា ជាអាទិ៍ចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា៖ការកសាងបន្ថែមនូវមន្ទីរពេទ្យ សាលារៀន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងចំណាយផ្សេងទៀត។ល។
ទន្ទឹមនោះលោកក៏បានធ្វើការផ្តាំផ្ញើដល់លោក លោកស្រី ទាំងអស់
១– ត្រូវកាន់កាប់បញ្ជីការគណនេយ្យឲ្យបានត្រឹមត្រូវតាមច្បាប់។
២– ត្រូវប្រើប្រាស់ វិធានវិក្កយបត្រលើរាល់ផ្គត់ផ្គង់ទំនិញ និងសេវា…(Lucky Draw) ។
៣– នៅពេលប្រកាសពន្ធ ត្រូវភ្ជាប់មកជាមួយនូវបញ្ជីទិញនិងបញ្ជីលក់ប្រចាំខែ ។
៤– ធ្វើការប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជៀសវាងនូវទោសទណ្ឌផ្សេងៗ (ពន្ធបន្ថែម និងការប្រាក់)។
៥– ត្រូវថែរក្សាទុកនូវបញ្ជីការគណនេយ្យ និងឯកសារផ្សេងៗ ទៅតាមច្បាប់កំណត់ ។
៦– ម្ចាស់សហគ្រាស ត្រូវធ្វើការប្រកាសដង់ពន្ធដោយខ្លួនឯង ឬអ្នកតំណាងស្របច្បាប់ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវជៀសវាងការពឹងពាក់អ្នកដ៏ទៃមកបង់ជំនួស ដោយគ្មានលិខិតផ្ទេរត្រឹមត្រូវ៕