អភិបាលខេត្តប៉ៃលិន ណែនាំដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នា ការពារសន្តិសុខ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត
(ខេត្តប៉ៃលិន)៖ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍ ជំរុញដល់មន្ត្រី សមត្ថកិច្ចទាំងបីស្ថាប័ន ត្រូវចេះសហការគ្នាឲ្យបានល្អ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះនៅក្នុងសាលាប្រជុំសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត នាយករដ្ឋបាលខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការទិសទី៣ ភូមិភាគ៥ និងអភិបាលក្រុង/ស្រុក ជាច្រើនរូបផងដែរ។
នាឱកាសដដែលនេះ លោកស្រី បាន ស្រីមុំ មានប្រសាសន៍លើកឡើងថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងការបើកយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជារឿងសំខាន់បំផុត។
ហេតុដូចនេះ ដើម្បីឱ្យការរៀបចំ ធ្វើឡើងទៅបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាឱ្យបានល្អ ដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។
បន្ថែមពីនេះ លោកស្រីប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ។ ហើយនេះក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើន ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី