បញ្ជូនខ្លួនជនសង្ស័ ២នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ក្រោយពីកំណត់បានមុខសញ្ញាករណីគ្រឿងញៀន លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងម៉្សៅក្រាមពណ៌សថ្លាចំនួន២៩កូនថង់កិប ស្មើនឹងទម្ងន់១៧,០៩ក្រាម ម៉ូតូ០១គ្រឿង ម៉ាកហុងដាMSX កែច្នៃ និងសម្ភារ:មួយចំនួនទៀត កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រួចបញ្ជូនទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។
លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះ ជិត ជាតិ ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងឈ្មោះ វ៉ាន់ ចន្ធី ហៅវី ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។ជនសង្ស័យឈ្មោះ ជិន ជាតិ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនពីឈ្មោះ វ៉ាន់ ចន្ធី ហៅវី មករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន ចំណែកឈ្មោះ វ៉ាន់ ចន្ធី ហៅវី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់បន្តពិតប្រាកមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ខាងលើ ព្រមទាំងមានវត្ថុតាងគ្រឿងញៀនផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី កសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ក្រោយពីជំនាញសាកសួររួចកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនិតិវិធី ៕