អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ញិប សេងហួរ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានៈ
ទី១.ឈ្មោះ ឆោម សុធារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
២.ឈ្មោះ ធី វីរធូន ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ។
៣.ឈ្មោះ ជួប សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំណោម ឃុំចំណោម ស្រុកមង្គល បូរី ។
៤.ឈ្មោះ យិន សំណាង ហៅក្តី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។ វត្ថុតាងដកហូតបានរួមមានៈម៉ូតូចំនួន៤គ្រឿង ,កាំបិត ចំនួ ន៥ដើមនិងទូរសព្ទចំនួន៣គ្រឿង។
លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានបញ្ជាក់ថា តាមការរៀបរាប់របស់ដើមបណ្តឹង បានឱ្យដឹងថា នៅវេលាម៉ោង២១និង៤៧នាទី ថ្ងៃទី១៥ ខែមិថុនា ជនរងគ្រោះកំពុងមើលទូរស័ព្ទជាមួយកូននៅក្នុងផ្ទះ ក៏បានលឺសំលេងកាប់របស់អ្វីមួយនៅខាងក្រៅផ្ទះរបស់គាត់ ក្រោយមកប្រពន្ធរបស់គាត់បានរត់មកប្រាប់ថា មានគេមកកាប់ម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-2815 ដែលទុកនៅមុខផ្ទះ ពេលនោះគាត់បានទៅមើល ក៏ឃើញម៉ូតូត្រូវគេកាប់បំផ្លាញខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគាត់បានហៅកូនជាង ដែលស្នាក់នៅជាមួយគាត់ ចំនួន០៤នាក់មកសួរនាំ ពួកគេបានប្រាប់ថា ពួកគេនាំគ្នាអង្គុយលេងនៅក្រោយផ្ទះ ក្បែរតារាងបាល់(AG Sport) ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមរត់ចេញពីតារាងបាល់ ស្ទុះមកកាប់ពួកខ្លួន ពេលនោះពួកខ្លួនបានរត់ចូលពួនក្នុងផ្ទះ ហើយក្រុមក្មេងស្ទាវនោះបានចូលមកកាប់ម៉ូតូរបស់ខ្លួនតែម្ដង។ ក្រោយពីឃាត់ខ្លួនសួរចម្លើយ ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតានិតិវិធី៕