ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រិស្ទបរិស័ទ ទូទាំងខេត្តបន្ទាយមានជ័យប្រមាណជាង ១,០០០ នាក់។
លោក ហម ស៊ុយ ប្រធានគណៈកម្មការគ្រិស្ទបរិស័ទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សកម្មភាពគ្រិស្ទបរិសទ័ក្នុងខេត្ត ស្រុក ក្រុងក្នុងចន្លោះឆ្នាំ២០២២–២០២៣នេះ ជាលទ្ធផលបានចូលរួមចំណែកជួយឧបត្ថម្ភជាច្រើនវិស័យដូចជា វិស័យអប់រំ វិស័យកាកបាទក្រហម ផ្នែកជួយគ្រោះមហន្តរាយធម្មជាតិ គ្រួសារងាយរងគ្រោះ និងសកម្មភាពចូលរួមជួយសង្គម និងអភិវឌ្ឍន៍វិស័យសុខាភិបាល។ សរុបជាលទ្ធផលក្នុងឆ្នាំ ២០២២-២០២៣នេះ គ្រិស្ទបរិស័ទបានចូលរួមជាមួយរដ្ឋបាលខេត្ត និងសកម្មភាពជួយលើវិស័យផ្សេងៗ បានចំណាយថវិកាសរុប ៦២,១០៦ ដុល្លារសហរដ្ឋអាមេរិច មានអ្នកទទួលផលចំនួន ១៥,៤០៣នាក់ និង ៦០០ គ្រួសារទៀតមកពី ៩ ស្រុក ក្រុង។
ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះផងដែរ ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍និងកោតសរសើរ ដោយស្មោះចំពោះបងប្អូនប្រជាពលរដ្ឋ ជាគ្រិស្ទបរិស័ទទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ តែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ស្រុក ក្រុង ជាបន្តបន្ទាប់ពិសេសលើវិស័យមនុស្សធម៌ ខ្មែរជួយខ្មែរ ដែលជាប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង។
ឯកឧត្តម កែ គឹមយ៉ាន មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងបន្តការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាពលរដ្ឋ ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជននិងការអភិវឌ្ឍន៍ប្រទេសជាតិ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស និងលើកកម្ពស់ការផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋផងដែរ៕