អ្នកបើក ១នាក់ និងអ្នករួមដំណើរ ១នាក់ បានស្លាប់នៅនឹងកន្លែង ដោយសាររថយន្តមួយគ្រឿង បានបុកពេញទំហឹង រួចព្យាយាមរត់គេចត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន
ខេត្តកំពង់ឆ្នាំង៖ពិតជាគួរឲ្យរន្ធត់ណាស់ អ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ ត្រូវរថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង ១០និង១០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៧២- ៧៣ ចំណុចខាងមុខផ្ទះ ម៉ែន ស្រីមាន ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត០១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-3715 បើកបរដោយឈ្មោះ ខាត់ វិទូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំបច្ចុប្បន្ននៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកបរចេញ ពីទិសត្បូង ទៅទិសជើង លុះបេីកបរមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1L-3367 បើកបរដោយឈ្មោះ គាំ សិលា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ព្រឿង មុន្នីចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណ:ដែលកំពុងបត់ឆ្លងកាត់ទ្រូងផ្លូវជាតិលេខ៥ ក្នុងពីទិសខាងលិច ទៅទិសខាងកេីត ក្នុងដំណេីខ្វែងទិសគ្នា បណ្ដាលឲ្យស្លាប់ ០២ នាក់ប្រុស (អ្នកបេីកបរម៉ូតូ និងអ្នករួមដំណេីរ)នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង និងឃាត់ខ្លួនអ្នកបើកបររថយន្ដម្នាក់ បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើកាសាកសួរ ។
ចំណែកសាកសពទាំង ០២ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។បច្ចុប្បន្នវត្ថុតាង ម៉ូតូនិងរថយន្ត បានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕