ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព) ប្រចាំត្រីមាសទី ២ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្ត និងតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈល្អប្រសើរ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម។ លើការងារសន្តិសុខព្រំដែន ខេត្តរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ពិសេសការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែនកម្ពុជា ថៃ តាមរយៈការជួបប្រជុំពិភាក្សាដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយរដ្ឋបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម អ៊ុំ រាត្រី និងលោក សិទ្ធិ ឡោះ បានបន្តថា ទន្ទឹមនិងលទ្ធផលជោគជ័យខាងលើ កងកម្លាំងនគរបាលនៅតែជួបបញ្ហាប្រឈមមួយចំនួន នៅក្នុងការការពារថែរក្សាសន្តិសុខសង្គមរួមមាន បទល្មើសព្រហ្មទណ្ឌនៅតែបន្តកើនឡើង កើតមានគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា សុទ្ធសឹងជាកម្មវត្ថុដែលត្រូវប្រមូលផ្ដុំគិតគូរដោះស្រាយបន្តទៀត។

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងលើកទឹកចិត្តឲ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ដោយប្រើមធ្យបាយសរុបទាំងវិស័យសាធារណៈ និងវិស័យឯកជនពាក់ព័ន្ធហ្នឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាអនុវត្តនៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរួមមាន:
១.ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ៣.មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង
៥.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រោមប្រព័ន្ធតុលាការ
៦.មានអនាម័យ មានសោភ័ណភាពល្អនិងមានបរិស្ថានស្អាត ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរកជំងឺឆ្លងទៀតបាទកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button