ពិធីកាត់ខ្សែបូសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារមេតូឌីស្ទ នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ព្រះវិហារថ្មី មេតូឌីស្ទស្ថិតនៅក្នុងភូមិបឹងត្រស់ ឃុំចំណោមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់បងប្អូនកូនក្មួយនៅតំបន់នេះ បានគោរពដល់ព្រះ រៀនសូត្រតាមបែបព្រះយេស៊ូគ្រិស្ត ។
ព្រះវិហារនេះត្រូវបានចំណាយថវិកាសរុបទាំងអស់ចំនួន ២ ៨០០០ដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លា និងក្ដីអាណិតស្រលាញ់ពីគ្រូគង្វាល នៃក្រុមយុវជននៃប្រទេសកូរ៉េខាងត្បូង ដោយក្រុមជំនុំមេតូឌីស ហ្គុងជូជុងអាន នៃប្រទេសកូរ៉េដើម្បីរំឭកខួបលើកទី៧០។
លោក អា ប្រាហាំ ដែលជាគ្រូគង្វាលកូលនិងតំណាង ឲ្យម្ចាស់ជំនួយបានមានប្រសាសន៍ថា ដោយពិនិត្យមើលឃើញពីការជឿជាក់លើព្រះយេស៊ូគ្រិស្ត ដូចជាការអាណិតស្រឡាញ់ចំពោះបងប្អូនកូនក្មួយទាំងអស់ ដែលបាននិងកំពុងសិក្សារៀនសូត្រនៅទីនេះ ហើយលោកក៏ដូចជា ប្រជាជនកូរ៉េនឹងបន្តជួយដល់បងប្អូនកូនក្មួយជាបន្តបន្ទាប់ទៀត។
លោក គឹម វិវឌ្ឈន៍ ដែលជាគ្រូគង្វាលទទួលបន្ទុកក្រុមមេតូឌីស ខេត្តមានជ័យនិងលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍សម្ដែងការអរគុណចំពោះបងប្អូនជនជាតិកូរ៉េ ដែលបានផ្តល់នូវព្រះវិហារថ្មីមួយខ្នង សម្រាប់បងប្អូននៅតំបន់នេះបានប្រើប្រាស់និងសិក្សារៀនសូត្រទទួលបានការអប់រំល្អ ព្រមទាំងចៀសផុតពីអំពើហិង្សាគ្រប់ទម្រង់ និងលុបបំបាត់អំពើ ហិង្សាលើកុមារ ដូច្នេះហើយគុណតម្លៃនៃក្រុមមេតូឌីស ពួកគាត់គឺមានសេចក្ដីជំនឿលើសេចក្ដីស្រឡាញ់ចេះសាមគ្គីអធ្យាស្រ័យ ចេះអត់ធ្មត់គ្រប់គ្នាទៅវិញទៅមកស្មោះត្រង់ ចេះគោរពពេលវេលា និងឲ្យតម្លៃគ្នាទៅវិញទៅមក។
លោក បៀវ ថាន បានបន្តថា បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យមានជំនឿជឿជាក់លើព្រះគ្រិស្ត ទូទាំងខេត្តមានព្រះវិហារចំនួន ១៨២កន្លែង ហើយបងប្អូនកាន់សាសនាព្រះពុទ្ធ កាន់សាសនាគ្រិស្ត ពុំដែលមានទំនាស់ខ្វែងគំនិតគ្នាជេរប្រមាថគ្នានោះទេព្រោះថា សាសនាទាំងពីរ ធ្វើឲ្យមនុស្សស្គាល់អាក្រក់ល្អ បាបបុណ្យគុណទោស ហើយកំពុងរួមរស់ក្រោមដំបូលនៃសុខសន្តិភាពតែមួយ។ លោក បៀវ ថាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់គ្រប់គ្នាត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ វេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕