សពបុរសជាប្ដីដែលបានក្រឡាប់បាឡាស្មាច់ជាមួយប្រពន្ធ ត្រូវបានសមត្ថកិច្ចរកឃើញហើយគឺប្រទះឃើញអណ្ដែតទឹក
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចស្វែងរកឃើញហើយ សពបុរសជាប្ដីដែលបានក្រឡាប់បាឡាស្មាច់ជាមួយប្រពន្ធកាលពីល្ងាចថ្ងៃទី២៥ គឺប្រទះឃើញអណ្ដែតទឹកនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅចំណាយប្រមាណជាងមួយគីឡូម៉ែត្រពីចំណុចកើតហេតុ ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។
ករណីជនរងគ្រោះមួយគ្រួសារក្រឡាប់បាឡាស្មាច់ លិចទឹកបណ្ដាលឲ្យស្លាប់ក្រោយពេលកើតហេតុថ្ងៃទី២៦ ខែកក្កដា ក្រោមការណែនាំ និងយកចិត្តទុក្ខដាក់ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជារឲ្យលោក សាន់ យូ អភិបាលរងខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុក ដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កងកម្លាំងយោធា ប្រជាពលរដ្ឋ និងប្រជានេសាទដែលមានម៉ាស៊ីនខ្យល់ សរុបប្រមាណជាង ៥០នាក់ ប្រើប្រាស់បាឡាស្មាច់ ជាង១០គ្រឿង ចុះរុករកសពជនរងគ្រោះជុំវិញចំណុចកើតហេតុ។
សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ជាលទ្ធផលសំបកបាឡាស្មាច់ជនរងគ្រោះបាន រកឃើញនៅម៉ោង ៩,០០ ព្រឹក ម៉ាស៊ីនកាណូត រកឃើញនៅម៉ោង ១១.១០នាទី សពប្រពន្ធឈ្មោះ អេង យឹម អាយុ៤២ឆ្នាំ រកឃើញនៅម៉ោង ១២ ថ្ងៃទី២៦ សពរបស់ប្ដីឈ្មោះ រ៉េត រិទ្ធ អាយុ ៣៩ឆ្នាំ រកឃើញ នៅព្រឹកថ្ងៃទី២៧ វេលាម៉ោង៧ និង៣០នាទី។
សពប្តី និងប្រពន្ធ ត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅឯភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ករណីខាងលើនេះបានមិនសល់ទុក្ខកូនកំព្រាបួននាក់ ក្រោយពីឪពុកម្ដាយបានស្លាប់ទៅដែលកូនប្អូនបង្អស់ឈ្មោះ ប៉ុន បញ្ញាសាក់ អាយុ ១២ ឆ្នាំ ដែលបានរងគ្រោះក្រឡាប់បាឡាស្មាច់ជា មួយឪពុកម្ដាយ៕