ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម វុធ ស៊ែ ចូលក្រាបបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ
(ភ្នំពេញ)៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ ព្រមទាំងឯកឧត្ដម វុធ ស៊ែ ទីប្រឹក្សាផ្ទាល់ និងលោកទំទាវ រួមជាមួយឧកញ៉ា ហ្វេន មីង និងលោកទំទាវ ចូលក្រាបបង្គំគាល់ និងថ្វាយដង្វាយ ជារូបិយវត្ថុ ២០០០០ ដុល្លារសហរដ្ឋអាមេរិក និងអង្ករចំនួន ២០តោន នកាលពីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមដង្ហែព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមនៃ ព្រះករុណាព្រះមហាក្សត្រ ដែលជានិច្ចជាកាលព្រះអង្គមានព្រះរាជហឬទ័យខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជានុរាស្រ្តខ្មែរគ្រប់ទីកន្លែង ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចព្រះមហាសង្ឃរាជ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម វុធ ស៊ែ លោកឧកញ៉ា ហ្វេន មីង និងលោកទំទាវ បានថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អ បង្ហាញពីមនោសញ្ចេតនាស្វាមីភក្តិដ៏ស្មោះស្ម័គ្រចំពោះព្រះករុណាជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទាននូវវត្ថុអនុស្សាវរីយ៍ជាផ្តិលប្រាក់ដែលមានជាចំលាក់ប្រកបដោយទេព្យកោសលខ្ពង់ខ្ពង់ខ្ពស់ដែលចំលាក់ប្រកបដោយផ្កាភ្ញី ចំលាក់បែបប្រពៃណីបុរាណដ៏រុងរឿងរបស់ខ្មែរ និងព្រះរាជសង្ហាអមព្រះបរមឆាយាលក្ខ័ព្រះករុណាព្រះមហាក្សត្រ និងសៀវភៅស្តីអំពីព្រះរាជសកម្មភាពសង្គមកិច្ចមនុស្សធម៌ និងព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្ដមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
ទូលព្រះបង្គំយើងខ្ញុំជាសិស្សគណ ជាឧត្ដមប្រឹក្សា និងទីប្រឹក្សា នៃសម្ដេចព្រះមហាសង្ឃរាជ សូមជ្រោកក្រោមម្លប់ នៃល្អងធូលីព្រះបាទ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសូមព្រះបរមរាជានុញ្ញាត លើកហត្ថាប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គតាមជួយ អភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា គង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្ត្រខ្មែរជាអង្វែងតទៅ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុងឧត្ដមថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ៕