បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី–ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែងជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប ។
ពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន–អនុមន្ទីរទាំង០៧ លោកនាយ–នាយរងការិយាល័យ លោកមេបញ្ជាការ–មេបញ្ជការរងមូលដ្ឋានក្រុង–ស្រុកទាំង០៩ សរុបចំនួន ១៣០ រូប ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងដែលទទួលបាននូវតួនាទីថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី–ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនតាមអនុក្រឹត្យលេខ ១១ អនក្រ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ ក្របខណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់កម្លាំងចូលរួមទាំងអស់ទទួលបាននូវសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសន្តិភាព ៕