មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណីលក់សត្វព្រៃនៅផ្សារកូនដំរី ក្នុងក្រុងប៉ោយប៉ែត ក្រោយសារព័ត៌មានចុះផ្សព្វផ្សាយយ៉ាងព្រោងព្រាត
ខេត្តបន្ទាយមានជ័យ៖ក្រោយសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធការលក់សត្វព្រៃជាច្រើនប្រភេទ ពិសេសសត្វពស់ នៅចំណុចផ្សារកូនដំរី ស្ថិតនៅក្នុងសង្កាត់មិនិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើការបង្ក្រាប និងចាប់បានសត្វព្រៃមួយចំនួនមានពស់រស់ និងអណ្តើកជាដើម ព្រមទាំងឲ្យម្ចាស់ធ្វើកិច្ចសន្យាណែនាំបញ្ឈប់សកម្មភាពលក់សត្វព្រៃ ដែលល្មើសនិងច្បាប់បន្តទៀត។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានឲ្យថា៖ក្រោយពីឃើញសារព័ត៌មានបានផ្សព្វផ្សាយមានសត្វព្រៃ ដាក់លក់យ៉ាងអាណាធិបតេយ្យនៅផ្លូវបំបែកផ្សារកូនដំរី ដោយមានការណែនាំពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ហើយមន្ត្រីជំនាញ បានចុះបង្ក្រាបដកហូតសត្វព្រៃមួយចំនួនដែលនៅរស់មានសត្វពស់សាំង និងសត្វអណ្តើកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកទៅចិញ្ចឹម និងដោះលេងនៅតំបន់អភិរក្ស។
មន្ត្រីជំនាញបានបញ្ជាក់ថា៖នៅពេលចុះបង្ក្រាបសត្វព្រៃដែលដាក់លក់យ៉ាងអាណាធិបតេយ្យនៅផ្លូវផ្សារកូនដំរី ក្រុងប៉ោយប៉ែត មន្ត្រីជំនាញបានធ្វើកិច្ចសន្យាចំពោះអ្នកលក់សត្វព្រៃល្មើសច្បាប់និងណែនាំឲ្យបញ្ឈប់សកម្មភាពលក់សត្វព្រៃ បើឃើញនៅបន្តនិងចាត់វិធានការតាមច្បាប់។
តាមព័ត៌មានបានឲ្យខ្លៈថា សត្វព្រៃដែលលក់នៅផ្លូវផ្សារកូនដំរី គឺមានលក់ជាយូរឆ្នាំមកហើយ ដែលលក់ក្បែររដ្ឋបាលព្រៃឈើអូរជ្រៅ ប្រមាណជាង១០០ម៉ែត្រ ហើយមិនដែលឃើញបង្ក្រាប នៅពេលសារព័ត៌មានផ្សព្វផ្សាយទើបឃើញមន្ត្រីមេព្រៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបសត្វព្រៃដែលដាក់លក់ តែមានសត្វព្រៃមួយចំនួនទៀតគេដឹងឈ្មួញលាក់ទុកក្នុងផ្ទៈ នៅពេលអ្នកចូលចិត្តហូបសត្វកម្មង់យកចេញលក់ឲ្យ ហើយភាគច្រើនសត្វព្រៃឈ្មួញនាំចូលពីប្រទេសថៃ៕