ឃាត់ខ្លួនអតីតកូនប្រសារ “គំរាមគំហែងថានឹងសម្លាប់” ឪពុកម្តាយក្មេក នៅស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ជនសង្ស័យដែលបានធ្វើសកម្មភាពប្រើអំពើហឹង្សា គំរាមគំហែងថានឹងសម្លាប់ ជនរងគ្រោះដែលជាអតីតជាឪពុក ម្តាយក្មេក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ជាអតីតកូនប្រសាររបស់ជនរងគ្រោះ ហើយនៅមុនពេលកើតហេតុជនបង្ករូបនេះបានប៉ុនប៉ងសម្លាប់យាយ និងតាជាឪពុកម្តាយក្មេក ដោយប្រើប្រាស់ឧបករណ៍តម្រូវត្រៀមទុកធ្វើសកម្មភាពបទល្មើស រួមមានៈ សាំងចំនួន០៣កូនដបទឹកសុទ្ធចំណុះប្រហែល ១.៥លីត្រ(មួយលីត្រកន្លះ),ចន្លុះ០១ដើម ,ដែកកេះចំនួន០១ សំរាប់ដុត និងបន្ទះក្ដារ ឈើ០១កំណាត់ប្រវែងកន្លះម៉ែត្រ។ជនបង្ករពេលមកដល់បានធ្វើសកម្មភាពហឹង្សាប្រតាយប្រតប់ជាមួយជនរងគ្រោះឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើជាឪពុកក្មេក បន្ទាប់មកយាយ និងតា ជាជនរងគ្រោះបាននាំគ្នារត់ចូលទៅបន្ទប់ក្នុងផ្ទះបិទទ្វារ ឯជនបង្ករលោតធាក់ទ្វារ និងជញ្ជាំងផ្ទះ ហើយបានយកសាំងចំនួនមួយដបទឹកសុទ្ធចាក់ស្រោចទៅលើជញ្ជាំងផ្ទះ ដោយស្រែកគំរាមថានឹងដុតសម្លាប់ តែមិនបានសំរេច ដោយសារកូន និងអ្នកជិតខាងទៅជួយឃាត់ និងចាប់ឃាត់ជនសង្ស័យទាន់ពេលវេលា ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនបង្កបានបោះពាក្យសម្ដី គំរាមគំហែងប៉ុនប៉ងថានឹងសម្លាប់អស់រយះពេលជាងមួយឆ្នាំកន្លងមកហើយ ការគំរាមគំហែងគំនុំនេះ មិនត្រឹមតែយាយតា ជាឪពុកម្ដាយក្មេកប៉ុណ្ណោះទេ រហូតដល់កូនបង្កើត និងអ្នកជិតខាងទៀតផង។
ពាក់ព័ន្ធករណីខាងលើនេះជនរងគ្រោះសំណូមពរ ដល់សមត្ថកិច្ចឲ្យផ្ដន្ទាទោសតាមផ្លូវច្បាប់។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួន និងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕