សិក្ខាសាលាបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព អ្នកផលិតចំណីអាហារនិងផលិតផលស្នាដៃខ្មែរ(កសិផលកែច្នៃ)សម្រាប់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖យើងទាំងអស់គ្នា ចូលរួមជំរុញការលើកទឹកចិត្តប្រកបដោយភាពជឿជាក់ អំពីសុវត្ថិភាពចំណីអាហារស្នាដៃកូនខ្មែរ កសិផលកែច្នៃ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែង របស់ម្ចាស់សហគ្រាស សិប្បកម្ម សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅលើឆាកអន្តរជាតិ ។ឯកឧត្តម មៀវ សុខទ្រី ប្រធាន សមាគមអ្នកផលិតចំណីអាហារកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងអង្គសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីនីតិវិធីពង្រឹងសមត្ថភាពដល់អ្នកផលិតចំណីអាហារ និងការដាក់តាំងបង្ហាញផលិតផលស្នាដៃខ្មែរផលិតផលកែច្នៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំនៃសណ្ឋាគារ ឌឹ វ៉ាយ ផាលេស រីសត។ពិធីនេះសហការឧបត្ថម្ភដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហគ្រិនខ្មែរនឹងសហការរៀបចំដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍និងក្រសួងពាណិជ្ជកម្ម។
ផលិតផលកែច្នៃ ស្នាដៃកូនខ្មែរដែលបានយកមកដាក់តាំងបង្ហាញដល់ពេលនេះរួមមាន ស្រាមៀន ទឹកស្វាយ មៀនកែវដែលបានផលិតនៅភូមិវាលហាត់ ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅសហគ្រាសសេរីហ្វាម និងផលិតផលកែច្នៃមួយបន្ថែមទៀតនៅក្រុងប៉ោយប៉ែតរួមមាន កាហ្វេគ្រាប់ល្មើ ទឹកជ្រលក់ល្មើ ដំណាប់ល្មើ ស្ករល្មើ និងស្រាល្មើ ហើយការកែច្នៃស្នាដៃខ្មែរនេះ គឺផលិតឡើងពីផ្លែឈើធម្មជាតិពិតៗ។
នាឱកាសនោះឯកឧត្ដម មៀវ សុខទ្រី ក៏បានថ្លែងអរគុណចំពោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដែលមាននាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្មវិទ្យាស្ថានស្តង់ដារកម្ពុជា ជាសេនាធិការផ្ទាល់និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដែលបានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសិក្ខាសាលាស្ដីពីការយល់ដឹងអំពីនីតិវិធីនៃការរៀបចំ មុនពេលចាប់ផ្តើមដំណើរការផលិតកម្មម្ហូបអាហារតម្លៃបន្ថែម និងកសិផលកែច្នៃ ដើម្បីឲ្យសិល្បករអាជីវករនិងភាគី ពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់តាមរយៈការជំរុញលើកទឹកចិត្តប្រកបដោយការជឿជាក់ គាំពារសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ផលិតផលកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកសិក្ខាសាលាបណ្ដុះបណ្ដាលនៅថ្ងៃនេះ ។ជាបន្តបន្ទាប់អស់លោកដែលជាវិស្វករចំណីអាហារ វិទ្យាស្ថានស្តង់ដារកម្ពុជា បានឡើងធ្វើបទបង្ហាញ ពីការយល់ដឹងតម្រូវការចាំបាច់មុនពេលដំណើរការខ្សែសង្វាក់ផលិតកម្ម និងការកែច្នៃចំណីអាហារ និងការយល់ដឹងអំពីស្តង់ដាអនាម័យ និងសុវត្ថិភាពម្ហូបអាហារក្នុងការផលិតកែច្នៃដែលជាសារៈប្រយោជន៍ នៃការចុះបញ្ជីផលិតផលនិងការគាំពារផ្លូវច្បាប់៕