ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ
ខេត្តតាកែវ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ឡើងអានរបាយការណ៍ស្វាគមន៍ និងវឌ្ឍនភាពរយៈពេលជិត ២ឆ្នាំកន្លងមកនេះដែលរូបលោកត្រូវបានថ្នាក់ដឹកនាំតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកបានដឹកនាំកងកម្លាំងនគរបាលខេត្ត កៀរគរសប្បុរសជនចូលរួមអភិវឌ្ឍអង្គភាព ដោយសម្រេចបានស្នាដៃ និងសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖ ការកសាងអគាររដ្ឋបាល ១ខ្នង មានកម្ពស់ ២ជាន់ ទំហំ ៣០ម៉ែត្រ គុណនឹង ៣២ម៉ែត្រ មាន ២៤បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមចំនែកពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត។
–ការកសាងអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស ១ខ្នងកម្ពស់ ២ជាន់ មាន ១៦បន្ទប់។ –ជួសជុលបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ១បន្ទប់-ចាក់បេតុង រៀបចំប្រព័ន្ធលូ លាបថ្នាំអាគារ–របង រៀបខឿនដងទង់ជាតិ រៀបចំសួនច្បារ និងក្រាលគ្រួសផេះខាងមុខអគារ និងច្រកផ្លូវចូលខាងក្រោយអគារ បំពាក់អំពូលសូឡា ភ្លើងហ្វា និងកាមេរ៉ាសុវត្ថិភាពដោយចំណាយថវិកាសរុបចំនួន ៧៩០.១៨៤ ដុល្លារ។
– និងបានបំផុសចលនាប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងវិស័យកីឡា ជាពិសេសកីឡាបាល់ទះ បាល់ទាត់ ដើម្បីផ្តល់ឱកាសឲ្យយុវជនបានហ្វឹកហាត់កាយសម្បទារ បង្កើតចំណងមិត្តភាព បញ្ចៀសបានការសេពគ្រឿងញៀន ឬបង្កភាពអាណាធិបតេយ្យក្នុងសង្គម។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឲ្យដឹងទៀតថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឆមាសទី១ ឆ្នាំ២០២៣នេះរួមមានៈ –បទល្មើសព្រហ្មទណ្ឌ កើនឡើង ៧៧ករណី ស្មើនឹង ៦៨ភាគរយ គឺ ១៩១ លើ ១១៤ ធៀបឆមាសទី១ ឆ្នាំ២០២២។ ទោះយ៉ាងណាត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបដោយទទួលបានលទ្ធផលខ្ពស់ គឺស្មើនឹង ៩៧ភាគរយ នៃបទបល្មើសដែលបានកើតឡើង ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ២២៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
– បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៧០ករណី ឃាត់ខ្លួន ១៤៩នាក់(ស្រី ១០នាក់) និងវត្ថុតាងមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ទន្ទឹមនឹងនោះបានចាត់កម្លាំងស្រាវជ្រាវ បង្រ្កាបទីតាំងលួចលាក់ដាំកញ្ឆានៅលើកំពូលភ្នំបាយ៉ង់កោ ស្ថិតក្នុងស្រុកគីរីវង់ដោយបានធ្វើការបំផ្លាញចោលនូវដំណាំកញ្ឆាចំនួន ១៣.៤៤៣ដើម។
–បទល្មើសក្មេងទំនើង បង្រ្កាបបាន ១៤ករណី ឃាត់ខ្លួន ៤០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១០ករណី មនុស្ស ២៤នាក់ និងអនុវត្តវិធានការរដ្ឋបាល អប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ជូនឲ្យអាណាព្យាបាលវិញ៤ករណី មនុស្ស ១៦នាក់។ –គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧៦ លើ ៤១លើក កើន ៣៥លើក ស្មើនឹង ៨៥ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៣៤ លើ ៣៤ និងរងរបួស ១១០ លើ ៩៧ កើន ១៣នាក់ ស្មើនឹង ១៣ភាគរយ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍សម្តែងការគាំទ្រ និងឯកភាពប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងបានថ្លែងអំណរគុណដល់វត្តមានរបស់ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល ជាពិសេសវត្តមាននិវត្តន៍ជន ស្នងការនគរបាលគ្រប់រាជធានី–ខេត្ត ក្រុមគ្រួសារនគរបាលទូទាំងប្រទេស លោកឧកញ៉ា អ្នកឧកញ៉ា ដែលបានចូលរួមបរិច្ចាកថវិកាសរុបប្រមាណជិត ៨០ម៉ឺនដុល្លារ ក្នុងការស្ថាបនាសមិទ្ធផលនានានៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយអនុវត្តតាមនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនយោបាយចែករំលែកជួយគ្នាទៅវិញទៅមក ដែលជាសក្ខីភាពមួយគាំទ្រដល់នគរបាលជាតិកម្ពុជា។
ឯកឧត្តម គណៈអធិបតីបន្ថែមទៀតថា កន្លែងធ្វើការសមស្របថ្មីស្អាត ដូច្នេះការងារក៏ត្រូវតែដើរឲ្យស្របគ្នា និងពង្រឹងគុណភាពការងារបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាទុក្ខកង្វល់ក៏ដូចជាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាចុងក្រោយឯកឧត្តមគណៈអធិបតីបានប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន និងថវិកា គ្រឿងឧបរិភោគ ឧបភោគដល់អតីតមន្រ្តីនគរបាលជាតិ ចូលនិវត្តជនចំនួន ២២នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា