អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុងផុន ជីតសុំស៊ុក (PONGPON JITSOMSUK) ហៅឆាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនពេលបង្រា្កបកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខយាមក្នុងក្លឹបខាងលើថា មានជនជាតិថៃ បានជិះម៉ូតូ០១គ្រឿង មកឈប់នៅចំណុចមុខក្លឹប MEX CLUB បម្រុងនឹងជិះចូលក្នុងក្លឹប តែត្រូវបានសន្តិសុខយាមក្លឹប មានការសង្ស័យហើយសុំឆែកឆេរ ក៏ឃើញមានគ្រឿងញៀន ទើបរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ភ្លាមនោះកម្លាំងបានចុះទៅដល់ទីតាំងខាងលើហើយឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកកាន់មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថតាងរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាម និងម្ស៉ៅម៉ត់ពណ៌សថ្លា (កេតាមីន) ចំនួន៤៣កូនថង់កិប ទម្ងន់ ៦០,៨០ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកដោះគោ (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង១៥គ្រាប់ ទម្ងន់៥,៨២ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង ១៤គ្រាប់ ទម្ងន់៦,៣៩ក្រាម, ថ្នាំគ្រាប់ពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន០៣ថង់កិប ស្មើនឹង១៧គ្រាប់ ទម្ងន់ ៧,០៩ក្រាម, ថ្នាំគ្រាប់FRIMIN5 បន្ទះពណ៌បៃតង ចំនួន០២បន្ទះ ស្មើនឹង២០គ្រាប់, កញ្ចប់ម៉្សៅ CRISPY FRUIT ពណ៌ខៀវ ចំនួន០៧កញ្ចប់, កញ្ចប់ម៉្សៅ FB រូបសេះ ពណ៌ក្រហមចំនួន០៥កញ្ចប់, កញ្ចប់ម៉្សៅ ALADIN ពណ៌ក្រហមចំនួន១៧កញ្ចប់, កញ្ចប់ម៉្សៅផ្លែឈើ 550MG ពណ៌ក្រហម ចំនួន០៦កញ្ចប់, កញ្ចប់ម៉្សៅ SUPREME ពណ៌ស ចំនួន ០៣កញ្ចប់, កញ្ចប់ម៉្សៅ COLLAGEN KUMIKO ពណ៌ផ្កាឈូក ចំនួន ០២កញ្ចប់, កញ្ចប់ម្ស៉ៅ COLLAGEN 10,000mg ពណ៌ស្វាយ ចំនួន ០២កញ្ចប់, ម្ស៉ៅរូបផ្លែឈើ មានអក្សរកូរ៉េ ចំនួន ០៥កញ្ចប់, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាក HONDA PCX ពណ៌ស គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០១គ្រឿង, ប្រាក់ថៃ ចំនួន ១៩៦០បាត និងកាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕