ជនជាតិចិន១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យជនជាតិចិន១នាក់ស្លាប់ និងរងរបួសធ្ងន់១នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៥ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ISUZU ដឹកខ្សាច់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0444 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លង រួចក៏មានម៉ូតូម៉ាកហុងដាទ្រីម ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9550 បើកបរក្នុងទិសដៅពីលិចទៅកើត បើកបរដោយជនជាតិចិន០២នាក់ ភេទប្រុស បានបុកពីចំហៀងខាងក្រោយផ្នែកខាងស្តាំនៃរថយន្ត ទើបមានគ្រោះថ្នាក់នេះកើតឡើង បណ្ដាលឱ្យជនជាតិចិនម្នាក់បានស្លាប់ និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ក្រោយពីកើតហេតុវត្ថុតាងមធ្យោបាយទាំងពី ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត រងចាំដោះស្រាយគ្នាជាក្រោយ៕