ប្រកាសតែងតាំង ព្រះចៅអធិការវត្តឬស្សីក្រោក ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ដើម្បីទទួលគ្រប់គ្រងលើភារកិច្ចដ៏ឧត្ដុង្គឧត្ដម ត្រូវមានឯកភាពសាមគ្គីភាពដោយឈរលើស្មារតីបង្រួបបង្រួម និងការប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួន គឺមេត្តាករុណាមុទិតា និងឧបេក្ខា។ ព្រះជ័យមុនី ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ មានសង្ឃដីការបែបនេះក្នុងពិធីប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះគ្រូសីលវិសុទ្ធោ ឡាំ យ៉ារី ដែលជាព្រះចៅអធិការវត្ត វេឡូវនារាម ឫស្សីក្រោក ហៅវត្តឫស្សីក្រោក នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ បញ្ញាស័ក្ក ខពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះវិជ័យ មុនី ធុល សុធា ព្រះមេគណខេត្ត បានមានប្រសាសន៍ និងសង្ឃដីកាថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប និងការគោរពប្រតិបត្តិ ដល់ជំនឿសាសនា យើងគ្រប់រូបសុទ្ធតែ មានសាសនាផ្សេងៗ ទៀតតាំងនៅជាទីគោរពបូជាផ្នែកសាសនានីមួយៗ តែងតែមានការបង្រៀនប្រៀនប្រដៅដល់មនុស្សឲ្យធ្វើអំពើជាកុសល ការគោរពវិន័យខាងសាសនា ក៏មិនខុសពីការគោរពច្បាប់របស់រដ្ឋ ដែរសម្រាប់ឲ្យមនុស្សស្គាល់អំពីបុណ្យបាបនឹងស្អប់ នៃអំពើទុច្ចរិតអបាយមុខផ្សេងៗ ដែលប្រាសចាកពីសីលធម៌ និងវិន័យសាសនា ដូចជា ផ្ទុយនឹងច្បាប់របស់រដ្ឋដូចគ្នាដែរ។ម្យ៉ាងវិញទៀត សាសនាទាំងឡាយ ដែលមានក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន គឺមានសុខដុមនឹងគ្នាយ៉ាងត្រជាក់ត្រជុំប្រកបដោយសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តរូបរួមគ្នានូវគោលដៅ មួយគឺសេចក្ដីសុខក្សេមក្សាន្ត និងការចូលរួមអភិរក្សសង្គមជាតិ។
ជាមួយគ្នានោះលោក បៀវ ថាន ដែលជាប្រធានមន្ទីរ ក៏បានធ្វើការផ្ដាំផ្ញើ ដល់គណសង្ឃវត្តតែត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ និងអាចារ្យគណៈកម្មការវត្តពង្រឹងនូវគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងវត្តអារាមឲ្យមានរបៀបរៀបរយ ដោយសាមគ្គីភាពនិងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមតែងតែជាមណ្ឌលចំណេះដឹងផ្នែកលើប្រព័ន្ធអប់រំផ្លូវចិត្ត នៃការប្រើអំពើហិង្សា និងលើកទឹកចិត្តដល់សមណសិស្ស គ្រប់ព្រះអង្គឲ្យបន្តខិតខំយកចិត្តទុកដាក់ទៅសិក្សារៀនសូត្រព្រះធម៌វិន័យរដ្ឋបាលបានល្អ ពិសេសពន្ធសម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទរក្សាសាមគ្គីផ្ទៃក្នុង ដើម្បីចៀសវាងនូវទំនាស់អធិករណ៍ផ្សេងៗ ចុងក្រោយគណៈអធិបតីរួមជាមួយនឹងពុទ្ធបរិស័ទបានស្រោចស្រពសុគន្ធវារី ដល់គណសសង្ឃដែលត្រូវបានប្រកាសតែងតាំងនាពេលនេះផងដែរ៕