ពលរដ្ឋស្នើឲ្យអភិបាលស្រុក និងអធិការនគរបាលស្រុកក្រលាញ់ មានវិធានការទៅលើម្ចាស់ទីតាំងបើកតាបប៊ីយ៉ែឬស្នុកឃឺ ឲ្យសិស្សសាលាចូលលេង និងបង្កប់ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ដោយល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
ខេត្តសៀមរាប៖ល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ជ្រកក្រោមស្លាកតារាងបាលទះ មួយកន្លែងស្ថិតក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងបើកឲ្យលេងយ៉ាងគគ្រឹងគក្រេង ល្មើសទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសបើកតាបប៊ីយ៉ែ ឬស្នុកឃឺ ឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជាច្រើននាក់ចូលេងយ៉ាងពពាក់ពពូន សុទ្ធតែពាក់ឯកសណ្ឋានជាសិស្សថែមទៀតផង មិនឃើញអាជ្ញាធរចុះធ្វើការណែនាំ និងបង្ក្រាបឡើយ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលជាណាព្យាបាលសិស្សមានការខឹងសម្បារ បានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំបានជ្រាប ។
ជាក់ស្តែនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានចុះផ្តិតយករូបភាព ឃើញថាទីតាំងខាងលើនេះបានបើកឲ្យលេងល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ ព្រមទាំងបើកឲ្យសិស្សសាលា ពាក់ឯកសណ្ឋានជាសិស្សចូលលេងយ៉ាងគគ្រឹងគក្រេង ហូរកញ្ច្រៀវដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។ទាំងនេះហើយជាក្តីកង្វល់របស់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្ស ព្រួយបារម្មណ៍ខ្លាចកូនៗញៀនភ្លេចបាយ ភ្លេចទឹក ភ្លេចការរៀនសូត្រ ជាហេតុធ្វើឲ្យខូចអនាគតរបស់ពួកគាត់ថែមទៀតផង ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានប្រាប់តាមបណ្តាញតេលេក្រាមថា លោកកំពុងប្រជុំណែនាំ ហើយកិច្ចការនិងទីតាំងខាងលើនេះលោកអធិការពីមុន(ចាស់)ធ្លាប់ចុះទៅពីទៅបីលើកហើយ តែឥឡូវនេះមិនត្រឹមតែធ្វើតែកន្លែងលីហួរមួយទេ គណៈបញ្ជាការឯកភាពធ្វើទាំងអស់ ពីព្រោះឥឡូវមានក្មេងមកពីស្រុកព្រះនេត្រព្រះ ឃុំទឹកជោ ឃុំភ្នំលាភ ឃុំព្រៃជ្រូក និងខាងស្រីស្នំផង ឥឡូវមកក្នុងឯកសណ្ដានជាសិស្ស មកដូរខោអាវនៅកន្លែងផ្សេងៗក្នុងស្រុក ហើយពេលនេះលោកកំពុងដាក់កម្លាំងដើម្បីចុះពិនិត្យគ្រប់កន្លែងទាំងអស់ មានទាំងកម្លាំងអធិការនិងអាវុធហត្ថទៀត ហើយនៅថ្ងៃស្អែកនឹងបន្តប្រជុំបន្ថែមទៀតតែថ្ងៃនេះប្រជុំជាមួយខាងបច្ចេកវិទ្យាផ្នែងអនឡាញ។
ដោយឡែកលោក ហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងដែរថា លោកមិនបានជ្រាបនោះទេ លោកនិងឲ្យកម្លាំងចុះស្រាវជ្រាវ និងស៊ើបអង្កេតទៅលើករណីខាងលើ បើរកឃើញថា បទល្មើសមានពិតលោកនិងអនុវត្តតាមនីតិវិធី ។បន្ទាប់មកកម្លាំងអធិការនគរបាលស្រុកបានចុះទៅដល់ទីតាំងខាងលើភ្លាមៗ មិនឃើញមានសកម្មភាពនៃការលេងនោះទេ ដោយសារអ្នកញៀនល្បែងទាំងនោះ ក៏ដូចជាសិស្សសាលាបានដឹងខ្លួនទាន់ ក្រោយពីអ្នកសារព័ត៌មានថតបានរូបភាពនិងរាយការណ៍ជូនសមត្ថកិច្ច ។ទន្ទឹមនោះប្រជាពលរដ្ឋសង្ឃឹមថា ចាប់ពីពេលនេះតទៅនៅក្នុងមូលដ្ឋាន ពិសេសនៅទីតាំងខាងលើនឹងមិនមានល្បែងស៊ីសង និងមិនមានសិស្សសាលាចូលបុកប៊ីយ៉ែឬក៏ស្នុកឃឺ តទៅទៀត ដើម្បីឲ្យស្របតាមគោនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអនុវត្ត ព្រោះថាមានល្បែងស៊ីសងតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរប្លន់ បង្កជាអសន្តិសុខសង្គម ពលរដ្ឋខ្លះលក់អស់ទ្រព្យសម្បត្តិដីធ្លី ជំពាក់គេជុំទិស ជាដើម ៕