នគរបាលឃាត់ខ្លួនជនជាតិថៃ ប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នៅជាយដែនកម្ពុជា-ថៃក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនបានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ម្ដុំភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង១៧:០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិថៃ ប្រុស ស្រី ២នាក់ យកមកសួរនាំ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជ
អាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១–ឈ្មោះ SUCHAT RAMAN ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦។
២–ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៤២៣៤៦៦៨។នៅក្នុងរង្វង់នៃប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានធ្វើការឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្យ័យ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣ ថង់ធំ នៅក្នុងកាបូបស្ពាយពីក្រោយពណ៌ខ្មៅ ក្នុងបន្ទប់ជាន់លើផ្នែកខាងក្រោយ ក្នុងផ្ទះជនសង្ស័យ។
បច្ចុប្បន្នក្រោយពីសួរនាំ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យជនជាតិថៃ ប្រុសស្រីទាំងពីរនាក់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតីវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕