លោក លី សារី ៖ បើចង់ក្លាយខ្លួនជាបុគ្គលម្នាក់ ដែលជោគជ័យទៅថ្ងៃអនាគត ត្រូវមានជំនាញ ចេះកំព្យូទ័រ និងចេះភាសា
(បន្ទាយមានជ័យ)៖ថ្លែងក្នុងឱកាសប្រគល់ទទួល សៀវភៅសិក្សា រដ្ឋបាលសាធារណៈ ជូនសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ លោក ស្ទេស ហ្វាន់ ហាន់សែលម៉ាន់ (Stefan Hanselmann ) ប្រធានកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (GIZ RED IV) លោកស្រី សាស្ត្រាចារ្យ បណ្ឌិត ប៊ូរម៉ា នេតាសាំង(Burmaa Nastsag)ព្រមទាំងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ ប្រមាណជាង៦០នាក់ កាលពីនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក លី សារី អភិបាល រងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការរៀនសូត្រគឺជាទ្រឹស្ដីមួយផ្គួបផ្សំជាមួយនឹងអនុវត្តជាក់ស្តែងទើបអាចទទួលបាននូវចំណេះដឹង ហើយបើចង់ក្លាយខ្លួនជាបុគ្គលម្នាក់ដែលជោគជ័យទៅថ្ងៃអនាគត ទី១ ត្រូវមានជំនាញ ,ទី២ ត្រូវចេះកំព្យូទ័រ និងទី៣ត្រូវចេះភាសា ។
ទន្ទឹមនោះដែលលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សូមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានល្អតាមរយៈ ការលាងសម្អាតដៃជាមួយ អាល់កុល ចែល ឬសាប៊ូ ឲ្យបានជាប់ប្រចាំ ត្រូវពាក់ម៉ាស ពិសេសត្រូវប្រកាន់ភ្ជាន់នូវវិធានការ “៣ការពារ និង៣កុំ ឱ្យបានគ្រប់ពេលវេលា ដើម្បីចូលរួមប្រយុទ្ធជាមួយជំងឺកូវីដ–១៩ ប្រភេទបំប្លែងថ្មី Omicron ។
គួរបញ្ជាក់ផងដែរថា ពិធីនេះធ្វើឡើង ដើម្បីចែករំលែកនូវ សៀវភៅ គោលនយោបាយ បទប្បញ្ញត្តិគតិយុត្តដែលពាក់ព័ន្ធវិស័យសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់តំកល់ក្នុងបណ្ណាល័យ នៃសាកលវិទ្យា ល័យដើម្បីបង្កើនចំណេះដឹង និងបំពេញសេចក្តីត្រូវការសិក្សាស្រាវជ្រាវដល់សិស្ស– និស្សិត និង សាធារណជន ក៏ដូចជាចូលរួមលើកកម្ពស់វិស័យសិក្សាធិការ បណ្តុះគំនិត និងពង្រឹងនៃការអានដល់បញ្ញវន្តទូទៅផងដែរ ៕