លោក សិទ្ធិ ឡោះ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៩គ្រួសារ នៅឃុំស្វាយចេក
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ផ្តល់ជូនប្រជាពលរដ្ឋ នៅឃុំស្វាយចេក ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងអំឡុងពេលជំងឺកូវីដ១៩ រាតត្បាតជាសកល។
ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយចេក ដែលមានការរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ អភិបាលនៃគណះអភិបាលស្រុកស្វាយ លោក លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក លោកស្រីសមាជិកបក្សភូមិ និង លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំជាច្រើននាក់ផងដែរ។
នាឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខពីថ្នាក់ដឹកនាំ ចំពោះសមាជិក សមាជិកាបក្ស និងសម្តែងការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់ផ្នែកពាក់ពន្ធ័ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា រីកចម្រើនទាំងការដឹកនាំ ការងារនយោបាយ ការកសាងសមិទ្ធផលនានា ការផ្តល់សេវាសាធារណ: និងការងារសង្គមផ្សេងៗ។
ទន្ទឹមគ្នានោះលោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជម្រុញដល់ប្រជាពលរដ្ឋ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ជៀសវាងយឺតយ៉ាវ បាត់សិទ្ធិមិនបានចូលរួមបោះឆ្នោត និងបានណែនាំឲ្យបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ បំលែងខ្លួនថ្មីផងដែរ ។
អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋទាំង៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម ,មីចំនួន ១ កេស ,ត្រីខចំនួន១យួរ ,ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន១យួរ ,ទឹកសុទ្ធចំនូន ២យួរ និងថវិការ ចំនួន៥០០០០៛(ប្រាំម៉ឺនរៀល)ផងដែរ ៕