នគរបាលបន្តការឃាត់ក្រុមក្មេងស្ទាវ ដែលវាយគ្នានៅលើដងផ្លូវខាងមុខធនាគារ អេអឹមខេ កាលពីថ្ងៃមុន បានចំនួន២នាក់
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យកម្លាំងទាំងអស់ទប់ស្កាត់និងបង្ក្រាបរាល់–បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខសង្គម និងភូមិឃុំ–សង្កាត់មានសុវត្ថិភាព នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការ យាមល្បាត ទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅត្រង់ចំណុចហាងលក់ឥវ៉ាន់២៤ម៉ោង នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យអប់រំអ្នកធ្វើដំណើរចំនួន១៥៦ នាក់ស្រី ៤៧នាក់ រថយន្តតូច៣៥គ្រឿង រថយន្តធំ០៥គ្រឿង ម៉ូតូ៣៦គ្រឿង។ បាននាំក្មេងស្ទាវដើរលេងដាច់យប់ ក្នុងភូមិសាស្រ្តក្រុង រំលងអាធ្រាតចំនួន១៩នាក់ ស្រី៤នាក់ សង្ស័យពាក់ព័ន្ធបទល្មើសយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។
រឿងដែលនឹកស្មានមិនដល់នោះគឺថា ក្រោយសួនាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នគរបាលយើងរកឃើញថា មួយចំនួនជាប់ពាក់ព័ន្ធសារធាតុញៀន ក្នុងចំណោមនោះមានក្មេងស្ទាវចំនួន២នាក់ ម្នាក់ជាមុខសញ្ញាមានដីការចាប់ខ្លួន និងធ្លាប់វាយគ្នាប្រើហឹង្សានៅលើផ្លូវជាតិមុខធនាគារ អេអឹមខេ កាលពីថ្ងៃ៣១ សីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ជនសង្ស័យមានឈ្មោះ ១–ឈ្មោះ សឹង្ហ សំរិទ្ធទីណា ភេទប្រុស អាយុ ១៧ឆ្នាំ រួចតាមចម្លើយរបស់ ទីណា បានបន្តឃាត់ខ្លួនឈ្មោះ ឆាន់ ហូលីហុង ហៅហុងខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មាន(ដីការចាប់ខ្លួនលេខ១២៩ ចខញ ចេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយចៅក្រមស៊ើបសួរ គឹម ថៃមុនី)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤០នាទី មានករណីហឹង្សាដោយចេតនា មួយបានបង្កឡើង ដោយក្មេងស្ទាវចំនួនពីរក្រុម មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពវាយគ្នារួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ ហើយពេលនេះមិនទាន់មានភាគីខាងណាមកដាក់ពាក្យបណ្តឹងនៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបន្តនីតិវិធីសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕