ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង ដែលមានទីតាំងនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិករបស់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់កម្លាំងជំនាញឱ្យធ្វើលិខិតកោះហៅ ឈ្មោះ ម៉ុន ផល្លា ចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។ ក្រោយកម្លាំងជំនាញសួរនាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន០៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤,៥$(ប្រាំមួយពាន់ ប្រាំរយសាមសិបបួនដុល្លា ក្បៀសប្រាំសេន) ហើយយកទៅលេងល្បែង និងស៊ីចាយអស់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងចាប់ផ្ដើមឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕