លោក គាត ហ៊ុល ដឹកនាំក្រុមការងារនិងមន្ត្រីជំនាញ ចុះពិនិត្យការលើកស្លាកលេខផ្លូវ ការកាត់សំយាប ស្លាកយីហោផ្សេងៗ និងចុះពិនិត្យមើលស្ថានភាពទឹក ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការបោះបង្គោល លើកស្លាកលេខផ្លូវ តាមផ្លូវមេសំខាន់ៗ និងពិនិត្យមើលការកាត់សំយាប និងស្លាកយីហោផ្សេងៗ ព្រមទាំងសំណង់ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋផងដែរ ។
ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ហាមយកដូចជា: ថង់ប្លាស្ទិកឬសម្ភារៈផ្សេងៗ យកមកបិទឬគ្របពីលើមុខលូ ជាដាច់ខាតដើម្បីបញ្ចៀសការស្ទះទឹក ចំណែកពាណិជ្ជករ អាជីវករ និងក្រុមហ៊ុននានា ដែលបានកាត់សំយាប ស្លាកយីហោ និងសំណង់ផ្សេងៗ ដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈហើយនោះ ហាមលក់ដូរ និងដាក់សម្ភារ:ផ្សេងៗជាដាច់ខាត ដើម្បីឲ្យទីក្រុងយើងមានសោភ័ណភាពស្រស់ស្អាត ហើយម្យ៉ាងវិញទៀតនាពេលខាងមុខនេះ ក្រុមការងាររបស់រដ្ឋបាលក្រុង សង្កាត់ នឹងរៀបចំកន្លែងថ្មើជើង ចាប់ពីរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ផ្សារកណ្ដាលទៀតផង និងក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជួយមើលថែរក្សារបង្គោល ស្លាកលេខផ្លូវ ព្រមទាំងទ្រព្យសម្បត្តិនានារបស់រដ្ឋ ដែលបានកើតមានឡើងហើយនេះ។ដោយឡែកសម្រាប់ ម្ចាស់អាជីវកម្មនានា ដែលបានសាងសង់ ឬតប្រព័ន្ធផ្សេងៗ សូមទំនាក់ទំនងទៅរដ្ឋបាលក្រុង ឬមន្ត្រីជំនាញ ដើម្បីឲ្យស្របតាមច្បាប់ និងបច្ចេកទេស ។
ដោយមានការយកចិត្តទុកដាក់ និងព្រួយបារម្ភពីប្រជាពលរដ្ឋនោះ ក្រោយពីពិនិត្យការលើកស្លាកលេខផ្លូវ និងការកាត់សំយាប ស្លាកយីហោផ្សេងៗ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែតហើយនោះ លោកអភិបាលក្រុង បានបន្តដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញបន្តចុះពិនិត្យមើលស្ថានភាពទឹក នៅចំណុចវត្តសេរីមង្គលសុទ្ធារាម ហៅវត្តស្ទឹងបត់ ក្រោយពីមានភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ ធ្វើឲ្យតំបន់មួយចំនួនមានការជន់លិច រងការផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកនោះដែរ លោកអភិបាលក្រុង បានបញ្ជាក់ថា ពេលនេះស្ថានភាពទឹកបានស្រក់បណ្តើរៗច្រើនហើយ ដោយសារអាជ្ញាធរក្រុង និងសង្កាត់អូរជ្រៅ បានយកគ្រឿងចក្រកាយផ្ដាច់ទម្លាក់ចូលទៅអូរព្រំដែនកាលពីប៉ុន្មានថ្ងៃមុននេះ៕