ពិធីសម្ពោធសាលាវេទិកា ក្នុងវត្តពោធិកែវព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖សាលាវេទិកាមួយខ្នងស្ថិតក្នុងបរិវេណវត្ត ពោធិកែវព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលចំណាយថវិកាអស់ចំនួនប្រាក់ខ្មែរ ១០១,៨៨៨,០០០រៀល ប្រាក់បាតថៃ ៨៣៦,៨១៦បាត និងប្រាក់ដុល្លារសហរដ្ឋអាមេរិក ២៤,៩៣៥$ ត្រូវបានធ្វើពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ។
ព្រះគ្រូបញ្ញា បជ្ជោ តោ ហ៊ុនហេង ព្រះសមុហ៍ អនុគណៈស្រុកព្រះនេត្រព្រះ និងជាព្រះគ្រូចៅអធិការវត្តពោធិកែវ ព្រះនេត្រព្រះ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា សាលាវេទិកាវត្ត ពោធិកែវព្រះនេត្រព្រះដែលបានកកើតឡើង ត្រូវចំណាយថវិកា អស់ជាច្រើនបែបនេះ គឺបានមកពីសទ្ធាជ្រះថ្លា ពីសប្បុរសជនជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើឲ្យសាលាវេទិកានេះបានរួចរាល់ជាស្ថាពរ ល្អស្អាតរឹងមាំ ក្បូរក្បាច់រចនាដ៏ល្អតាមរចនាបទខ្មែរ ដែលការកសាងសាលាវេទិកានេះឡើង មានគោលបំណង ដើម្បីសម្រួលដល់កិច្ចប្រជុំរបស់សាលាអនុគណៈ ឬកិច្ចប្រជុំរបស់គណៈគ្រប់គ្រងវត្ត និងដើម្បីសម្រួលដល់សហគមន៍ដែលមានការចាំបាច់ណាមួយនោះ។
នាឱកាសនោះដែរគណៈអធិបតីក៏បានប្រគល់ ប្រកាសនីយប័ត្រគ្រូសូត្រស្ដាំ ឆ្វេង សម្រាប់ជាជំនួយការផ្ទាល់ដល់ព្រះចៅអធិការវត្ត និងជួយក្នុងកិច្ចការគ្រប់គ្រងការងារផ្សេងៗក្នុងវត្ត។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងលោក ខៀវ សុនិមល៍ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានសំដែងនូវការ កោតសរសើរនៃការខិតខំរបស់ព្រះគ្រូចៅអធិការ នឹងក៏សូមថ្លែងនូវអំណរគុណចំពោះ សប្បុរសជនជិតឆ្ងាយព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាង សមិទ្ធផលនានាក្នុងវត្ត ពោធិកែវ ព្រះនេត្រព្រះនេះសម្រេចបានប្រើប្រាស់ផ្សេងៗ ក្នុងវិស័យព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះផងដែរលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានចូលរួមប្រគេនជាថវិកាចំនួន ៤លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត សម្រាប់ទុកតម្កល់កសាងសមិទ្ធផលផ្សេងៗទៀត បញ្ចប់នៃកម្មវិធីក៏បានរៀបចំរាប់បាតដល់ព្រះសង្ឃផងដែរ៕