អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
(បន្ទាយ មានជ័យ )៖ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងប្រគល់រថយន្តសង្គ្រោះចំនួន ០១គ្រឿង អង្ករចំនួន ២តោន មីចំនួន៥០កេស ត្រីខចំនួន១០កេស នឹងថវិកាចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ អង្គភាពកងពលតូចថ្មើរជើងលេខ៥១។
នៅក្នុងរបាយការណ៍ស្វាគមន៍ របស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ស័ង្កសី គ្រឿងសំណង់ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារមនុស្សធម៌ ចែកជូន ប្រជាពលរដ្ឋក្រីក្រ និងជួបគ្រោះមហន្តរាយផ្សេងៗ ចាប់តាំងពីសម្ដេច នៅជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក ហើយអង្គភាព ក៏បាននាំយកអំណោយទាំងនោះទៅចែកជូនប្រជាពលរដ្ឋ និងគ្រួសារយោធិនជួបការលំបាកដល់គោលដៅជាបន្តបន្ទាប់ ។
មានមតិសំណេះសំណាល ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ–ពលទាហាន ទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនកងទ័ពជាប់ជាប្រចាំ ។
ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូច ថ្មើរជើងលេខ៥១ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលតែងតែឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ឧបករណ៍ សម្ភារប្រើប្រាស់ ដល់អង្គភាព កងពលតូច ថ្មើរជើងលេខ៥១ និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕