ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ និងស្រាលចំនួន២ស្រុក
(បន្ទាយមានជ័យ):នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២ស្រុកគឺស្រុកថ្មពួក និងស្រុកស្វាយចេក នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្រេចធ្វើបានចំនួន ១០ខ្នងក្នុងស្រុកថ្មពួក និងស្រុកស្វាយចេកចំនួន ៥ខ្នង សរុប ១៥ខ្នង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕